>>> សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ប្រចាំថ្ងៃច័ន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
+ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានចុះធ្វើការត្រួតពិនិត្យទីតាំង សម្រាប់ធ្វើការប្ររព្វពិធីរុក្ខទិវា នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
+ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ និងលោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត ក្នុងគោលដៅសម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុនលែនអែនឌីវេឡុបភីង (ខេមបូឌា) និងក្រុមហ៊ុនវីឡាឌីវេឡុបមេន ខូអិលធីឌី ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត ។
+ លោកប្រធាន និងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានចូលរួមប្រជុំនៅសាលប្រជុំសាលាស្រុកពេជ្រាដា ស្តីពីការផ្ទៀងផ្ទាត់ក្នុងការអនុវត្តគម្រោង គាំទ្រសមារណកម្មឆ្នាំ ២០១៨ ក្រោមការដឹកនាំលោក អែម ពិសិទ្ធ អភិបាលរង នៃគណៈអភិបាលស្រុកពេជ្រាដា ។
+ លោកស្រីអនុប្រធានទទួលបន្ទុករួមការិយាល័យនីតិកម្ម និងលោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ អន្តរក្រសួងសម្រាប់ការអង្កេត និងឆ្លើយតបការផ្ទុះជំងឺរាតត្បាត ជំងឺបណ្តាលមកពីការពុលចំណីអាហារ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម
ដែលរៀបចំដោយ៖ ក្រសួងសុខាភិបាល និងឧបត្ថម្ភដោយ៖ ADB/GMS HSP ។
+ នាយផ្នែក នាយងសង្កាត់ និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ បានរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា ចុះបង្ក្រាបបទល្មើសព្រៃឈីប្រទះឃើញឈើសន្និធិចម្រុះប្រភេទ សរ្បចំនួន ១០១កំណាត់ ស្ថិតក្នុងភូមិពូលុ ភូមិពូទិល និងភូមិទី៤ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បច្ចុប្បន្នកំពុងធ្វើការដឹកជញ្ជូនវត្ថុតាងល្មើសទាំងនោះយកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវធីច្បាប់ស្តីពីព្រៃឈើ ។
-----------------------------------------------------------------------