ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យចម្ការកាកាវ នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ១០ កុម្ភៈ ២០១៩
707

មណ្ឌលគិរី ៖ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដដែលបន្ទាប់ពីចេញពីទិវាប្រមូលផលដំឡូងបារាំង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហការី បន្តដំណើរមកពិនិត្យចំការកាកាវរបស់ក្រុមហ៊ុនកាំកាវ ខូអិលធីឌី ឃុំស្រែអំពូម ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ លោក ជាន ចាន់ផុល អ្នកគ្រប់គ្រងទូទៅបានឱ្យដឹងថាដោយពិនិត្យឃើញពីសក្តានុពលនៃទឹកដីខេត្តមណ្ឌលគីរី ក្រុមហ៊ុនបានដាក់ទុនជា ៣លានដុល្លារ វិនិយោគលើដំណាំកាកាវតាំងពីឆ្នាំ២០១៤ ក្នុងគោលបំណង៣ គឺ១ ដាំដុះខ្លួនឯង ២.បណ្តុះកូនរួចលក់ជូនដៃគូដាំដូចជា សហគមន៍ ឬកសិករ និង៣.ប្រមូលទិញផលពីដៃគូក្នុងតម្លៃតាមកិច្ចសន្យា។ បច្ចប្បន្នក្រុមហ៊ុនមានផ្ទៃដីដាំសរុបចំនួន ២៤ហត ហើយនៅឆ្នាំ២០១៨ ហើយផ្ទៃដី ០៨ហត ប្រមូលផលបានគ្រាប់ស្ងួតចំនួន ៤០០kg សម្រាប់ទុកធ្វើពូជ។ នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តុះកូនបាន ចំនួន ២៧,៥០០ដើម សម្រាប់ទុកដាំលើផ្ទៃដី ២៥ហត ដោយសហការដាំជាមួយសហគមន៍ ឬកសិករ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា រនិងផ្តល់បច្ចេកទេសបន្ថែម។ ជាមធ្យមកាកាវដាំបាន៣ឆ្នាំអាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ ហើយការប្រមូលផលម្តងទទួលបាន ៣,៥-៤តោន/ហត តម្លៃនៅលើទីផ្សារបច្ចុប្បន្នប្រមាណជាង ២០០០ដុល្លារ/តោន ហើយមានតម្រូវការខ្ពស់។ លោកចាន ផុល បានសំណូមពរឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធជួយគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនសហគមន៍ក្នុងការដាំដំណាំកាកាវ​ឱ្យទទួលបានជោគជ័យ ជាពិសេសជួយសម្រួលបែបបទនាំចេញផលិតផលកាកាវនាពេលអនាគត។ ជារួមឯកឧត្ដមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំអភិវឌ្ឍដំណាំកាកាវជា បន្តបន្ទាប់ដោយបានរៀបចំជាខ្សែច្រវាក់ផលិតកម្ម ដាំ វេចខ្ចប់ និងនាំចេញ ហើយសង្ឃឹមថាក្រុមហ៊ុននឹងអាចបង្កើនបរិមាណនាំចេញកាកាវទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។  ឯកឧត្តមបានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេស និងច្បាប់ចុះមកជួយសហការរៀបចំចងក្រងសហគមន៍ផលិតឱ្យបានត្រឹមត្រូវ និងបង្កើនសេចក្តីទុកចិត្ត ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មកាកាវទាំងបរិមាណ និងគុណភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter