ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ១០ កុម្ភៈ ២០១៩
409

មណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ដដែល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ដែលបានរៀបចំនៅសាលប្រជុំអគារក្រុមប្រឹក្សាសាលាខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង តុលាការ ព្រះរាជអាជ្ញា អភិបាលក្រុង ស្រុក តំណាងក្រុមហ៊ុន លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត មន្រ្តីរាជការប្រមាណជាង ១៥០នាក់។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេប ជូនអង្គពិធីជ្រាបអំពីលទ្ធផលការងារដែលមន្ទីរសម្រេចបានទៅតាមអនុវិស័យនីមួយៗដូចជាការងារបង្កបង្កើនផលស្រូវ ដំណាំ (បន្ថែ ឈើហូបផ្លែ និងដំណាំកសិឧស្សាហកម្ម) ផលិតកម្មសត្វ និងសុខភាពសត្វ ព្រៃឈើ ជលផល សហគមន៍ ស្ថានភាពទូទៅរបស់មន្រ្តីរាជការ។ ខ្លឹមសារនៃសេចក្តីរាយការណ៍នេះគឺបានបញ្ជាក់ និងបង្ហាញឱ្យឃើញពីសមិទ្ធផលដែលមន្ទីរសម្រេចបានក្នុងរយៈពេលកន្លងមក បញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារទាំងកិច្ចការសង្គម ច្បាប់ និងបច្ចេកទេស ដែលក្រសួង ក៏ដូចជាអាជ្ញាធរដែនដីបានដាក់ជូន។ ដើម្បីបន្តអនុវត្តផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្រសួង និងអាជ្ញាធរខេត្ត ឱ្យទទួលបានជោគជ័យនាឆ្នាំ២០១៩ លោកប្រធានមន្ទីរបានសំណូមពរ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្តល់កិច្ចសហការឱ្យបានល្អប្រសើរដើម្បីឱ្យផែនការនិងទិសដៅការងារឆ្នាំ២០១៩ ទទួលបានជោគជ័យដូចដែលបានគ្រោងទុក។ បន្ទាប់ពីឯកឧត្តមអភិបាលនៃគណអភិបាលខេត្តធ្វើបដិសណ្ឋារកិច្ច និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាននាឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកា ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរបានផ្ញើនូវក្តីនឹករលឹក និងគិតគូពីសុខទុក្ខរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំងបួនប្រការ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេង។ ពិតណាស់ សមិទ្ធផលនេះបានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសការចូលរួមផលិតស្បៀងបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ។
       ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារកន្លងមក នៅមានបញ្ហាដែលទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួចកែលម្អតម្រង់ទិសសម្រាប់អនុវត្តន៍ និងទទួលបានផលវិជ្ជមាននាឆ្នាំ២០១៩។ ដើម្បីបន្តអនុវត្តផែនការ និងទិសដៅអនុវត្តបន្តទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តី ជូនអនុសាសន៍មួយចំនួនដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញយកទៅអនុវត្តបន្ត ដែលអនុសាសន៍ទាំងនោះទាំងនោះមានខ្លឹមសារជាបន្តបន្ទាប់ដូចខាងក្រោម៖
ទី១.ដោយសារទឹកដី និងអាកាសធាតុមានការខុសផ្លែកពីខេត្តដ៏ទៃ មន្ទីរត្រូវគិតគូ និងជំរុញបន្ថែមទៀតអំពីការផ្លាស់ប្តូរពូជដំណាំ ឬប្តូរមុខដំណាំដែលមានតម្លៃខ្ពស់ ឱ្យបានសមស្របនិងលកខណៈភូមិសាស្រ្ត និងអាកាធាតុឲ្យបាន ទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការទីផ្សារដែលខេត្តដ៏ទៃមិនអាចធ្វើបាន។
ទី២.សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម សិក្សាស្តារ និងកសាងប្រភពទឹកសំខាន់ៗ ដើម្បីធានានូវបរិមាណទឹកផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ដល់ផែនការពង្រីងផលិតកម្មបន្លែ និងដំណាំឧស្សាហកម្ម នាពេលខាងមុខ។
ទី៣.កៀងគរវិនិយោគិនមកវិនិយោគលើដំណាំដែលមានសក្តានុពលលើទីផ្សារ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការជឿទុកចិត្ត បរិមាណផ្គត់ផ្គង់ គុណភាព តម្លៃ និងទទួលយកបច្ចេកទេសសមស្របបន្ថែម។
ទី៤.ត្រូវខិតខំអភិវឌ្ឍសហគមន៍ព្រៃឈើទាំងការគ្រប់គ្រង ការផ្សព្វផ្សាយបច្ចេកទេស ការបង្កើតអាជីពថ្មីដូចជាការចិញ្ចឹមសត្វ ត្រី ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗដូចជាឬស្សី ដែលជាប្រភពចំណូលគ្រួសារ ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ឬធនធានធម្មជាតិផ្សេងៗទៀត។  
ទី៥, បង្កើនការយកចិត្តទុដាក់ការពង្រីកការចិញ្ចឹមគោយកសាច់ ដែលមានតម្លៃននៅលើទីផ្សារ និងពេញនិយមនាពេលបច្ចុប្បន្ន តាមរយៈការបង្កាត់សិប្បនិមិត ជាមួយពូជគោមេក្នុងស្រុក ។
ទី៦, ស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជំរុញការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវពន្លឿន ការចុះបញ្ជីប័ណ្ណកម្មសិទ្ធិ ការធ្វើអនុប្រយោគពីដីសាធារណរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ និងរៀបចំផែនការមេឱ្យបានច្បាស់លាស់មុននឹងឈានទៅធ្វើការឈូសឆាយ។
ទី៧. ត្រូវពង្រឹងការគ្រប់គ្រងការដឹកជញ្ជូនផល អនុផលព្រៃឈើឱ្យបានសមស្របទៅតាមច្បាប់អនុញ្ញាត និងមានប្រភពច្បាស់លាស់ ជាពិសេសចេញពីការបោសសំអាតដីសម្បទានសេដ្ឋកិច្ច។
ទី៨. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់សមស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដោយអនុវត្តតាមអភិក្រម សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល វះកាត់ និងព្យាបាល។
ទី៩. ត្រូវរក្សាទំនាក់ទំនង និងសហការជាមួយគណបញ្ជាការឯកភាពខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលានូវបទល្មើសទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសបទល្មើសព្រៃឈើ។
ទី១០.បន្តសហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានក្រោមឱវាទក្រសួង ដើម្បីសហការអនុវត្តបច្ចេកទេស គោលនយោបាយ និងកៀងគរជំនួយពីដៃគូអភិវឌ្ឍ និងវិស័យឯកជនក្នុងការបោះទុកវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តរបស់ខ្លួន។
      នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីរាជការដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណូបការរបស់មន្រ្តីរាជការដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដែលបានបម្រើការងារជូនជាតិ មាតុភូមិ និងប្រជាជន។

ចំនួនអ្នកចូលទស្សនា
Flag Counter