មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី រៀបចំពិធីចែកពូជដំណាំដល់កសិករ
ចេញ​ផ្សាយ ១៨ កញ្ញា ២០១៩
748

រសៀល ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំង លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកកូនប័រចំនួន៥០០ដើម ចែកជូនដល់កសិករចំនួន១០០នាក់ មកពីសង្កាត់ទាំង០៤ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាកសិករទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ដែលមានផ្ទៃដីដាំដុះ ត្រូវយកពូជកូនប័រទាំងនេះទៅដាំដុះ ឲ្យទាន់ពេលវេលា ចៀសវាងទុកដីទំនេរចោល។ ហើយត្រូវយកពូជកូនប័រទាំងនេះ ទៅដាំដុះ តាមបច្ចេកទេស របស់មន្រ្តីជំនាញ ដែលបានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អ ។ ឯកឧត្តម ក៏បានសូមណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ហើយរដូវនេះ ជារដូវវស្សា ក៏សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតផងដែរ។
តាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សុង ឃាង បានបញ្ជាក់ថា កន្លងមក មន្ទីរបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកពូជដំណាំស្រូវ គ្រាប់ពូជដំណាំបន្លែជាច្រើនមុខ រួមទាំងកូនឈើហូបផ្លែ ជូនដល់ប្រជាកសិករនៅទូទាំងខេត្ត។ ជាក់ស្តែង ប្រជាកសិករចំនួន១០០នាក់ មកពីសង្កាត់ទាំង០៤ក្នុងក្រុងសែនមនោរម្យ ក្នុងម្នាក់ៗ ទទួលបានកូនប័រ ចំនួន០៥ដើម ដែលជាប្រភេទពូជប័រដែលទទួលបានផលខ្ពស់ និងខុសរដូវ ។ លោក ប្រធានមន្ទីរកសិកម្ម សង្ឃឹមថា កសិករដែលទទួលបានកូនប័រនាពេលនេះ នឹងយកទៅតាមដុះទៅតាមបច្ចេកទេស ដែលមន្ទីរកសិកម្ម បានណែនាំ ជៀសវាងទុកដីទំនេរចោល៕

ចំនួនអ្នកចូលទស្សនា
Flag Counter