ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ១២ មីនា ២០២០
230

ថ្ងៃពុធ-ព្រហស្បតិ៍ ៣-៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១១-១២ ខែ មីនា ឆ្នាំ២០២០ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលជលផល និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមគណៈអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក ព្រះរាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ មេឃុំ/ចៅសង្កាត់ និងមន្រ្តីរដ្ឋបាលសាលាខេត្តប្រមាណជាង១០០នាក់ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការរៀបចំប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលកម្មភាពនៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តនៅក្នុងឆ្នាំ២០១៩ កន្លងមក និងធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តអនុវត្តបានកន្លងមក និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើ ដំណោះស្រាយ និងការផ្លាស់ប្ដូរបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើការងារគ្រប់គ្រងវិស័យក្នុងខេត្ត ដើម្បីរួមសហការគ្នាក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបានអនុសាសន៍ល្អដើម្បីឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មីៗថែមទៀត។ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ ដែលកន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការសហការអនុវត្តការងារបានយ៉ាងល្អប្រសើរទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងនិយាយដោយឡែក ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើនបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter