ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ក្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះ សំណាលជាមួយបងប្អូនប្រជាកសិករ និងចែកកូនកង្កែប កូនត្រីអណ្តែង តង់ចិញ្ចឹមត្រី-ចិញ្ចឹមកង្កែប និងចំណីត្រីជូនបងប្អូនវារីវប្បករចំនួន ៥០គ្រួសារ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
610

មណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ក្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត និងសហការី បានអញ្ជើញមកភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ដើម្បីមកជួបសំណេះ សំណាលជាមួយបងប្អូនប្រជាកសិករ និងចែកកូនកង្កែប កូនត្រីអណ្តែង តង់ចិញ្ចឹមត្រី-ចិញ្ចឹមកង្កែប និងចំណីត្រីជូនបងប្អូនវារីវប្បករចំនួន ៥០គ្រួសារដោយគ្រួសារនីមួយៗបានទទួលកូនកង្កែបចំនួន ៤០០ក្បាល និងកូនត្រីអណ្តែងចំនួន ៧០០ក្បាល និងជាពិសេសមកលើកទឹកចិត្តក្មួយស្រី កន សុខណុច ជានិស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលជាវារីវប្បករឈានមុខគេក្នុងការចិញ្ចឹមកង្កែបក្នុងតំបន់នេះ។

ជាបឋម លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីសកម្មភាពបង្កបង្កើនផលស្រូវវស្សាដើមរដូវ ដំណាំឈើហូបផ្លែ បន្លែ ការងារចិញ្ចឹមសត្វ វារីវប្បកម្ម ការងារសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងកម្មវិធីចែកកូនត្រី កូនកង្កែបនាពេលព្រឹកនេះ។ល។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនទូទាំងស្រុកកោះញែក និងដោយឡែកឃុំស្រែសង្គម ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ឆ្លងឲ្យផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាលជា មួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើនផល បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែប ដែលសកម្មភាពនេះត្រូវបានទទួលការជួយឧបត្ថម្ភថវិកាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោចំនួន ២០លានរៀល ក្នុងឆន្ទ:ចូលរួមបង្កើតការងារ ពង្រឹង និងពង្រីកវិស័យវារីវប្បកម្មតាមរយ:ការចិញ្ចឹមត្រី និងកង្កែបជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិយើងកំពុងប្រឈមវិបត្តិជំងឺឆ្លងកូវីដ-១៩។ ក្នុងខណ:នេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនបងប្អូនអំពីបច្ចប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចជាតិ អន្តរជាតិ និងជាពិសេសស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ ដែលពិភពលោក ក៏ដូចជាកម្ពុជាយើងបាននិងកំពុងជួបប្រទះ។

ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំដល់ប្រជា ពលរដ្ឋថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលសម្តេចបានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយបានដាក់ចេញនូវវិធានការចំបាច់សំខាន់ៗមួយចំនួនចំពោះមុខដើម្បីចូលរួមថែរក្សា ការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងគ្រួសារក្នុងខណ: ដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺ ឆ្លងកូវីដ-១៩ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពផលិត និងចិញ្ចឹមតាមគ្រប់រូបភាព ហើយជាក់ស្តែងសម្តេចតេជោបានជួយឧបត្ថម្ភដល់រដ្ឋបាលជលផលចំនួន ២០លានរៀល សម្រាប់ពង្រីកវិស័យវារីរប្បកម្ម កាលពីថ្ងៃទី១៤ ខែកក្កដា។ ភ្ជាប់ទៅនឹងជំនួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលបានគិតគូ យកចិត្តទុកដាក់ខ្ពស់ ណែនាំ ចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ល្អៗដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញគ្រប់ជាន់ ថ្នាក់ក្រោមឱវាទយកទៅអនុវត្តឲ្យទាន់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារ  ក្នុងតំបន់ និងឈានជាជំហានៗ បន្តបន្ទាប់ក្នុងការបង្កើនសមត្ថភាពផលិតដើម្បីធ្វើការនាំចេញ។  ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យបងប្អូនស្រុកកោះញែក ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍ (អរគុណសន្តិភាព)។

ចំពោះការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្រ្តីជំនាញរដ្ឋបាលជលផល បន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយ  ផ្សំចំណី និងការថែទាំ។ ត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម និងជាពិសេសប្រើប្រាស់ថវិកា ដែលជាជំនួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យមានតម្លាភាព និងប្រសិទ្ធភាពបំផុត។( ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ )

ចំនួនអ្នកចូលទស្សនា
Flag Counter