មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី រៀបចំពិធីចែកកូនត្រី និងចំណី ដល់កសិករបណ្ដុំអាជីវកម្មចិញ្ចឹមត្រី​ ចំនួន ៤៥គ្រួសារ នៅក្នុងស្រុកកោះញែក
ចេញ​ផ្សាយ ១៣ សីហា ២០២០
509

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធី ចែកកូនត្រីដល់កសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)  នៅភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញែក ពិធីនេះក្រោមអធិបតីភាព៖ លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អភិបាលរងស្រុក លោកទីប្រឹក្សាកម្មវិធី ASPIRE  ខេត្ត តំណាងមេឃុំស្រែហ៊ុយ ឃុំអរបួនលើ ឃុំស្រែសង្គម ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទាំង៣ កសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី ៤៥ គ្រួសារ នៃឃុំគោលដៅក្នុងស្រុកកោះញែក។  លោក អនុប្រធានមន្ទីរ បានជម្រាបជូនអំពីសមិទ្ធិផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសំខាន់ៗជាពិសេសការងារវិស័យជលផលដែលបានអនុវ្តន៍កន្លងមក របស់កម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ទទួលបានការគាំទ្រថវិកាពីរាជរដ្ឋាភិបាល កម្ពុជា មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម (IFAD) បានបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមត្រី ០១បណ្តុំដែលអនុវត្តដោយខណ្ឌរដ្ឋបាលជលផល មានកសិករចូលរួមសរុបចំនួន ៤៥គ្រួសារ ក្នុងនោះបានជ្រើសរើសកសិករចិញ្ចឹមបង្ហាញចំនួន ០៥គ្រួសារ។ កសិករចំនួន ០៥គ្រួសារ ជាកសិករចិញ្ចឹមបង្ហាញក្នុងមួយគ្រួសារទទួលបានចំណីចំនួន ៥០គីឡូក្រាម កំបោរចំនួន ០៥គីឡូក្រាម ជីចំនួន ០១គីឡូក្រាម ស្បៃហ៊ុមព័ទ្ធស្រះចំនួន ០២ដុំ និងកូនត្រីប្រា ឆ្ពិន ចំនួន ៤០៨កូន ដោយឡែកកសិករជាសមាជិកបណ្តុំចំនួន ៣២គ្រួសារ ក្នុងមួយគ្រួសារទទួលបានចំណីចំនួន ១២.៥គីឡូក្រាម និងកូនត្រីប្រាចំនួន៤០៨កូន និងកសិករ ចំនួន ០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានចំណី ១២.៥គីឡូក្រាម កូនត្រីឆ្ពិន  ចំនួន ៣៥៤កូន ។ លោកអនុប្រធានមន្ទីរ ក៏បានណែនាំដល់កសិករជាសមាជិកបណ្តុំទាំងអស់ដែលបានទទួលចំណេះដឹងពីវគ្គបណ្តុំបណ្តាលពីមន្រ្តីជំនាញស្តីពីបច្ចេកទេសចិញ្ចឹមត្រី ត្រូវយកចំណេះដឹងនេះមកអនុវត្តន៍ផ្ទាល់អោយបានត្រឹមត្រូវក្នុងករណីមានបញ្ហានានា សូមរាយការណ៍មកភ្នាក់ងារផ្សព្វផ្សាយឃុំ ឬ មន្រ្តីជំនាញដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter