មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបើកវគ្គសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំ និងផ្តល់ពូជ សម្ភារៈចិញ្ចឹមឃ្មុំ ដល់បណ្តុំអាជីវកម្មចិញ្ចឹមឃ្មុំនៃកម្មវិធី ASPIRE នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា
ចេញ​ផ្សាយ ១៦ សីហា ២០២០
677

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបើកវគ្គសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំ និងផ្តល់ពូជ សម្ភារៈចិញ្ចឹមឃ្មុំ ដល់បណ្តុំអាជីវកម្មចិញ្ចឹមឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដល់សហគមន៍ព្រៃឈើអូរចុងណាច ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ លោកមេឃុំ មន្ត្រីសម្របសម្រួលស្រុកពេជ្រាដា ភ្នាក់ងារផ្សព្វផ្សាយឃុំពូជ្រៃ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមឃ្មុំចំនួន ៣៨គ្រួសារផងដែរ ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី ដែលជាកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការ IFAD ដោយមានបណ្តុំជាច្រើនដូចជា បណ្តុំដំឡូងមី បណ្តុំស្វាយចន្ទី បណ្តុំចិញ្ចឹមមាន់ បណ្តុំចិញ្ចឹមជ្រូក និងបណ្តុំចិញ្ចឹមត្រី និងបណ្តុំចិញ្ចឹមឃ្មុំនេះតែម្តង។ លោកបានបន្ថែមថា បណ្តុំចិញ្ចឹមឃ្មុំនេះ ជាការសាកល្បងលើកដំបូង សម្រាប់ខេត្តមណ្ឌលគិរី ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាសហមគមន៍ មានមុខរបរថ្មីបន្ថែមទៀត ក្នុងការចេះសហការគ្នាមើលថែទាំឃ្មុំឱ្យបានល្អ និងអាចឱ្យប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលបានមួយកម្រិត ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានលក្ខណៈសមរម្យ។ លោក ប្រធានមន្ទីរកសិកម្ម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់តាមការណែនាំពីគ្រូឧទ្ទេសអំពីបច្ចេកទេស និងការមើលថែឃ្មុំ ការបំប៉នឃ្មុំ ដើម្បីធ្វើយ៉ាងណា ឱ្យការចិញ្ចឹមឃ្មុំក្នុងសហគមន៍ ទទួលបានលទ្ធផលល្អប្រសើរ។
នាឱកាសនោះ មន្ទីរបានផ្តល់សំបុកឃ្មុំចំនួន ១៦កេះ និងសម្ភារៈមួយចំនួន ផ្តល់ជូនសហគមន៍ព្រៃឈើ អូរចុងណាច នៃបណ្តុំអាជីវកម្មចិញ្ចឹមឃ្មុំ ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕

ចំនួនអ្នកចូលទស្សនា
Flag Counter