មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចែកពូជដំឡូងបារាំងដល់កសិករចំនួន ០៨គ្រួសារ នៅក្នុងក្រុងសែនមនោរម្យ
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២០
455

មណ្ឌលគិរី៖ ដើម្បីឱ្យប្រជាកសិករអាចមានលទ្ធភាពសម្រាប់ដាំដុះដំណាំផ្សេងៗ ជាពិសេស ដំឡូងបារាំង ដែលជាតម្រូវការខ្ពស់ក្នុងទីផ្សារ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានជំរុញដល់ប្រជាកសិករទាំងអស់ ដែលទទួលបានពូជដំឡូងបារាំង ត្រូវដាំដុះតាមបច្ចេកទេស ជាពិសេស ត្រូវរក្សាទុកពូជដំណាំនេះ សម្រាប់ដាំដុះនៅឆ្នាំបន្តបន្ទាប់ទៀត លោកប្រធានមន្ទីរ បានមានប្រសាសន៍ ក្នុងពិធីចែកពូជដំឡូងបារាំងជូនកសិករ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលប្រព្រឹត្តទៅនៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពិសេស រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគិតគូរ និងជំរុញឱ្យវិស័យកសិកម្មឧស្សាហកម្ម មានការរីកចម្រើន ដើម្បីជាចំណូលដល់សេដ្ឋកិច្ចជាតិ និងជាចំណូលក្នុងគ្រួសារ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ លោក បញ្ជាក់ថា ដំឡូងបារាំង គឺជាដំណាំមួយ ដែលខេត្តមណ្ឌលគិរីយើងអាចដាំដុះបាន បន្ទាប់ពីធ្វើការសាកល្បងរយៈពេល ៤ឆ្នាំកន្លងមកនេះ ដូច្នេះ លោកប្រធានមន្ទីរកសិកម្មខេត្ត បានណែនាំដល់ប្រជាកសិករ ដែលទទួលបានពូជដំឡូងបារាំងនេះ ត្រូវរក្សាទុកពូជនេះ សម្រាប់ធ្វើការដាំដុះនៅឆ្នាំក្រោយៗ។ ម្យ៉ាងទៀត ដើម្បីធានាថា ឆ្នាំក្រោយនៅមានពូជដំឡូងបារាំងនេះដាំបន្តទៀត មន្ទីរបានឱ្យកសិករទាំង ០៨នាក់ ធ្វើកិច្ចសន្យា ទី១ យកពូជដំណាំនេះ យកទៅដាំដុះតាមបច្ចេកទេស និងត្រូវថែទាំឱ្យបានល្អ ទី២ នៅពេលប្រមូលផល ត្រូវទុកពូជដំណាំនេះ សម្រាប់ដាំបន្តទៀត ទី៣ ប្រជាកសិករ ត្រូវធានាថា សម្រាប់ឆ្នាំក្រោយនឹងមានពូជដាំបន្តទៀត ហើយអាចបន្តចែកចាយដល់កសិករមួយចំនួនទៀត លោក សុង ឃាង បានជំរុញលើកទឹកចិត្តដល់កសិករទាំងអស់ ត្រូវចេះសហការគ្នា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការដាំដុះ ការថែទាំ ដើម្បីធ្វើយ៉ាងណាឱ្យការដាំដុះរបស់យើង ទទួលបានលទ្ធផលល្អ និងមានគុណភាព សុវត្ថិភាពផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter