ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ១៧ មីនា ២០២២
122

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព​.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេន សុវណ្ឌ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម វេង សាខុន អភិបាលនៃគណៈអភិបាលខេត្តមណ្ដលគិរី ដោយមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរអង្គភាពជាច្រើនរូប។ ឯកឧត្តម សេន សុវណ្ណ បានថ្លែងនូវការកោតសរសើរដល់មន្រ្តីជំនាញទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ប្រកបដោយគួរជាទីមោទនភាព ដែលធ្វើឲ្យការអនុវត្តផែនការរបស់មន្ទីរកសិកម្ម បានដំណើរការប្រកបដោយជោគជ័យ ទទឹងនឹងនោះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យយើងទាំងអស់គ្នា រួមគ្នាដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីជំនាញ ត្រូវជំរុញបន្ថែមទៀត អំពីការផ្លាស់ប្តូរពូជដំណាំ ឱ្យសមស្រប និងលក្ខណៈភូមិសាស្រ្ត និងតម្រូវការទីផ្សារ , ត្រូវខិតខំអភិវឌ្ឍសហគមន៍ព្រៃឈើទាំងការគ្រប់គ្រង ការផ្សព្វផ្សាយបច្ចេកទេស និងការបង្កើតអាជីពថ្មី , បង្កើនការយកចិត្តទុកដាក់ការពង្រីកការចិញ្ចឹមគោយកសាច់ ដែលមានតម្លៃនៅលើទីផ្សារ។ ស្នើឱ្យមន្ទីរកសិកម្ម ជំរុញការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព , ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ , ត្រូវរក្សាទំនាក់ទំនង និងសហការជាមួយគណបញ្ជាការឯកភាពខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលា នូវបទល្មើសទាក់ទងនឹងវិស័យកសិកម្ម ជាពិសេស បទល្មើសព្រៃឈើ។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តមួយ ដែលមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេស លើប្រភេទដំណាំបន្លែ និងដំណាំហូបផ្លែដូចជា៖ ស្ពៃក្តោប ការ៉ុត ដំឡូងបារាំង កាហ្វេ ប័រ និងដំណាំមួយចំនួនទៀត ហើយប្រភេទដំណាំទាំងនេះ បើមានការគ្រប់គ្រង និងការដាំដុះច្បាស់លាស់ វានឹងក្លាចជាដំណាំប្រចាំភូមិសាស្រ្តរបស់ខេត្ត ហើយអាចជួយផ្តល់ចំណូលដល់កសិករ បានមួយកម្រិត។ ឯកឧត្តម បានស្នើដល់មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ជួយដល់កសិករ ក្នុងការផ្តល់ពូជ ឬផ្នែកបច្ចេកទេស ដើម្បីប្រែក្លាយពីការធ្វើកសិកម្មគ្រួសារ ទៅជាកសិកម្មទំនើប ដែលឈានដល់ការផ្គង់ផ្គង់តម្រូវការក្នុងស្រុក និងបន្តការនាំចេញទៅក្រៅស្រុក ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈសមរម្យ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ មន្ទីរ បានអនុវត្តការងារដាំដុះស្រូវវស្សា និងស្រូវប្រាំង បានចំនួន ២៨ ១០៦ ហិកតា លើសឆ្នាំមុនចំនួន ៣ ១២០ហិកតា។ ដំណាំសាកវប្បកម្ម បានចំនួន ២ ៧០០ហិកតា លើសឆ្នាំមុនចំនួន ២៨៥ហិកតា។ ដំណាំឧស្សាហកម្ម បានសរុបចំនួន ៣៤ ៨៩៩ ហិកតា លើសឆ្នាំមុនចំនួន ៤ ៨១៤ ហិកតា។ ផ្ទៃដីដាំដុះកៅស៊ូ អនុវត្តបានចំនួន ៤២ ៥៣៧,៣៨ ហិកតា ក្នុងនោះ៖ កៅស៊ូគ្រួសារ ចំនួន ១១ ៣០៥,៤៣ ហិកតា។ ការងារចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកសត្វគោ ក្របី ជ្រូក រាប់ម៉ឺនក្បាលនៅទូទាំងខេត្ត។ មានសហគមន៍កសិកម្មចំនួន ១០ សហគមន៍ ដែលបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមានចំនួន ២៥ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបានចុះបញ្ជីដីរដ្ឋរួច ចំនួន ១៩ក្រុមហ៊ុន ហើយក្រុមហ៊ុនមិនទាន់ចុះបញ្ជីដីរដ្ឋ ចំនួន ០១ ក្រុមហ៊ុន និងក្រុមហ៊ុនកំពុងដំណើរការចុះបញ្ជីដីរដ្ឋចំនួន ០៥ ក្រុមហ៊ុន។ នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងកសិកម្ម និងអភិបាលខេត្ត បានបំពាក់គ្រឿងឥស្សរិយយស និងមេដៃការងារជូនដល់មន្រ្តីរាជការចំនួន ០៨រូប ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេស ដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណរបស់មន្រ្តីរាជការ ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដែលបានបម្រើការងារជូនជាតិ មាតុភូមិ និងប្រជាជន៕

ចំនួនអ្នកចូលទស្សនា
Flag Counter